ប៉េកាំង៖ ភាគីចិន តាមរយៈទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA) បានប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកហ្វូណនតេជោ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជាបានស្នើឱ្យ CIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស។ នេះគឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលផ្សេងៗទៀតដែលដែលកម្ពុជាសម្រេចបានក្នុងកិច្ចសន្ទនាជាមួយទីភ្នាក់ងារចិន CIDCA នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី៣០មិថុនានេះ។
ជំនួបពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងកិច្ចសន្ទនាប្រកបដោយបរិយាកាសយោគយល់ និងការទូតខ្ពស់ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលសំខាន់ៗជុំវិញគម្រោងអាទិភាពមានជាអាទិ៍៖ ១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ ភាគីចិន តាមរយៈទីភ្នាក់ងារ CIDCA បានប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជាបានស្នើឱ្យ CIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស។ ២. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ ៣ (ប្រវែង ២០គីឡូម៉ែត្រ) នៅតំបន់វាលរេញ ៣. គម្រោងផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង) និង ៤. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ។
បើតាមលោក ស៊ុន ចាន់ថុល ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទំនុកចិត្តទៅវិញទៅមកខ្ពស់ ដែលនេះជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងចិន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងប្រកបដោយចីរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា នៅក្នុងណើរទស្សនកិច្ចការងារនៅក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកពីក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលជួបនិងពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA) ដឹកនាំដោយ លោក Chen Xiaodong ប្រធានទីភ្នាក់ងារ CIDCA៕