កោះកុង៖ រយៈពេលជាង២ឆ្នាំនៃការបើកដំណើរការ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានគម្រោងវិនិយោគសរុបចំនួន ៧៦ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧ លានដុល្លារអាម៉េរិក និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥,០០០ នាក់ ហើយកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៣,០០០ នាក់ទៀត។
តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលមានទីតាំងស្ថិតក្នុងភូមិអូរជ្រៅ ភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងនៅឆ្នាំ២០២៤ បានធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណ៤៥% នៃផ្ទៃដីសរុបដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មករ ។ ល ។ និងទទួលបានការវិនិយោគចំនួន ៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧លានដុល្លារអាមេរិក ក្នុងនោះ គំរោងចំនួន ៤១ កំពុងសាងសង់ និងគំរោងចំនួន ៣៥ ទៀតបាននិងកំពុងដំណើរការសកម្មភាពរបស់ខ្លួនដែលបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥,០០០ នាក់ ហើយកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៣,០០០នាក់ទៀតផងដែរ។
បើតាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបញ្ជាក់ថា សកម្មភាពវិនិយោគទាំងនេះបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតគ្រឿងបង្គំសង្ហារឹម និងផលិតផលគ្រឿងសង្ហារឹម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ (មិនក្រោម៣៥០ដុល្លារអាម៉េរិកក្នុងមួយខែ) ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋមកពីបណ្តាខេត្តឆ្ងាយៗផងដែរ។
វឌ្ឍនភាពនៃការរីកចម្រើនលូតលាស់នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ជាការបង្ហាញពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលទោះបីក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបោះជំហានទៅមុខឥតឈប់ឈរ៕