ទីក្រុងញូវយ៉ក៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និង សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ដឹកនាំម្ចាស់ក្រុមហ៊ុន និងម្ចាស់សហគ្រាសនាំចេញអង្ករឈានមុខគេរបស់កម្ពុជាជាច្រើន បង្ហាញវត្តមាន«អង្ករប្រណិត»របស់កម្ពុជា ក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក "Fancy Food Show" នៅទីក្រុង New York ។ ក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រាន និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិនាពេលនេះត្រូវបានដឹកនាំដោយលោក បាន លីម អគ្គនាយករងនៃធនាគារ ARDB ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
ព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យ ស្រូវអង្ករ កម្ពុជា ក្នុងការបង្ហាញពីសក្តានុពល គុណភាព និងស្តង់ដារខ្ពស់នៃអង្ករខ្មែរទៅកាន់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នគន្លឹះទាំងពីរ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រផ្នែកហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម ជួយជំរុញសមត្ថភាពផលិតកម្ម និងការកែច្នៃអង្ករកម្ពុជាឱ្យស្របតាមស្តង់ដារតម្រូវការខ្ពស់របស់ទីផ្សារអាមេរិក និងអឺរ៉ុប និងបានដើរតួជាស្ពានចម្លងដ៏សំខាន់ក្នុងការសម្របសម្រួល និងបើកច្រកទីផ្សារថ្មីៗ ដោយនាំយកក្រុមហ៊ុននាំចេញលំដាប់កំពូលៗរបស់កម្ពុជា ទៅជួបពិភាក្សា និងចងសម្ព័ន្ធភាពពាណិជ្ជកម្មផ្ទាល់ជាមួយអ្នកបញ្ជាទិញ (Buyers) ធំៗនៅលើពិភពលោក។
នៅក្នុងព្រឹត្តិការណ៍ Fancy Food Show នេះ ក្រុមហ៊ុននាំចេញអង្ករ និងសហគ្រាសឈានមុខគេរបស់កម្ពុជាចំនួន ៩ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការដាក់តាំងបង្ហាញផលិតផលអង្ករប្រណីតៗ របស់កម្ពុជា ដើម្បីបង្ហាញពីភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃអង្ករខ្មែរមានដូចជា៖ 1-Daily Fresh FOODs ( Cambodia) Co.,LTD 2-City Rice Import Export Co., Ltd. 3- LOR EAK HENG Sek Meas Rice CO.,LTD 4-Primalis Corporation Ltd. 5-Khmer Food Group CO.,LTD 6-Golden Rice (Cambodia) Co., Ltd. 7-Golden Star Rice Mill and Import Ecport Co., Ltd. 8-Indochina Rice Mill Limited 9- Signature Rice CO.,LTD
កម្មវិធីពិព័រណ៍ Fancy Food Show នៅទីក្រុង New York នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនទំហំនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអាម៉េរិកបន្ថែមទៀត ព្រមទាំងពង្រឹងទំនុកចិត្តលើម៉ាកយីហោ (Brand) អង្ករជាតិ។ ARDB និង CRF នឹងបន្តចាប់ដៃគ្នាផ្ដល់ទាំងកម្លាំងទុន និងកម្លាំងយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកសិផលខ្មែរ ក្លាយជាជម្រើសឈានមុខគេនៅលើតុអាហាររបស់ប្រជាជនទូទាំងសកលលោក៕