Img 1426
Swift cc time

សម្ដេច ហ៊ុន ម៉ាណែត៖ រយៈពេល៥ខែដើមឆ្នាំ២០២៦ ផលិតផលក្នុងស្រុកចុះបញ្ជីមានចំនួន ២,៣៥៣ មុខ កើនឡើងគួរឱ្យកត់សម្គាល់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គ្រាន់តែរយៈពេល៥ខែដើមឆ្នាំ២០២៦ ផលិតផលក្នុងស្រុកដែលបានចុះបញ្ជីមានចំនួន ២,៣៥៣ មុខ ដែលបានបញ្ជាក់យ៉ាងច្បាស់ថាផលិតផលក្នុងស្រុកមានការកើនឡើង ហើយនេះគឺជាមោទនភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យផលិតផលក្នុងស្រុកជំនួសបាននូវការនាំចូលផលិតផលពីក្រៅឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្អែកលើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ចំនួនប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មសរុប ៣ លាននាក់ ក្នុងនោះស្រ្តីជិត ១,៨៥ លាននាក់។ សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមចំណែកប្រមាណ ៦៣% នៃ ផ.ស.ស និងបានផ្តល់ការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។

សម្ដេចបន្តថា ជាក់ស្ដែងចំនួនផលិតផលចុះបញ្ជី ដែលយោងតាមរបាយការណ៍ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ មានផលិតផលចំនួន ១,៣៣៦ មុខ ត្រូវបានចុះបញ្ជីនៅឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ចំនួននោះបានកើនដល់ ២,១៥៨ មុខ។

ដោយឡែកគ្រាន់តែ៥ខែដើមឆ្នាំ២០២៦នេះ មានផលិតផលចុះបញ្ជីចំនួន ២,៣៥៣ មុខ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ថាផលិតផលក្នុងស្រុកមានការកើនឡើង ហើយនេះគឺជាមោទនភាពមួយ ដែលរាជរដ្ឋាភិបាលចង់ឱ្យផលិតផលក្នុងស្រុកជំនួសបាននូវការនាំចូលផលិតផលពីក្រៅ។

សម្ដេចបន្តថា ដូចនេះការបង្កើននូវការផលិតខ្លួនឯងដើម្បីដោះស្រាយនូវការផ្គត់ផ្គង់ក្នុងស្រុកនេះ ហើយមិនមែនឈានដល់ការលុបបំបាត់នូវការនាំចូលទាំងស្រុងនោះ ប៉ុន្តែទិសដៅរបស់កម្ពុជាគឺជំនួសនូវការនាំចូលផលិតផលពីក្រៅស្រុកទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕


Khcct banner

អត្ថបទទាក់ទង