រដ្ឋធានីប៉េកាំង៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បញ្ជាក់ទៅកាន់ក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ឱ្យបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម ដោយត្រូវជំរុញឱ្យមានការយកចិត្តទុកដាក់និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក សុង ហៃឡាង ប្រធានក្រុមហ៊ុន CCCC នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ លោក សុង ហៃឡាង បានលើកឡើងថា ក្រុមហ៊ុន CCCC មានសាខានៅក្នុងប្រទេសកម្ពុជារហូតដល់ទៅ២៣សាខា ដែលកម្មករភាគច្រើនជាង៧០% គឺជាកម្មករជាជនជាតិខ្មែរ ហើយលោកក៏បានលើកឡើងថាក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរបស់លោកមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោងនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកក៏បានលើកឡើងទាក់ទងទៅនឹងការប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាជាពិសេសគឺការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់កម្ពុជាទៅលើការផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង។ លោកនឹងបន្តគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេច ក៏បានលើកឡើងដោយឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។
សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា៕