ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ និងភាពតានតឹងភូមិសាស្រ្តនយោបាយ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាកម្លាំងស្នូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ខណៈការ«សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» គឺជាការឆ្លើយតបយ៉ាងសមស្របទៅនឹងបរិបទជាក់ស្ដែងនាពេលបច្ចុប្បន្ន ដោយផ្តោតលើការភ្ជាប់សហគ្រាសកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
បើតាមសម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនសម្រាប់ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងនោះមានដូចជា ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សារជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលលូបនីយកម្ម ជាដើម។
សម្ដេចបានបន្តថា ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ ក្នុងន័យនេះ«ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជពលរដ្ឋ និងកាត់បន្ថយការពឹងផ្អែកការនាំចូល។ ការជ្រើសរើសប្រើប្រាស់ផលិតផលនិងសេវាកម្មក្នុងងស្រុកគឺជាការចូលរួមកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ ហើយមិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងធនធានមនុស្ស។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ មិនត្រឹមតែជាវេទិកា ដើម្បីបង្ហាញផលិតផល សេវាកម្ម និងសមត្ថភាពរបស់សហគ្រាសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ «សាងស្ពាន» រវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីរួមគ្នាជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជាឱ្យក្លាយជាកម្លាំងរឹងមាំក្នុងខ្សែច្រវាក់តម្លៃជាតិ តំបន់ និងសកលលោក៕