Img 1426
Swift cc time

តំណាងអចិន្ត្រៃយ៍កម្ពុជានៅ UN បន្តបកអាក្រាតសកម្មភាពបំពានច្បាប់អន្តរជាតិរបស់ថៃប៉ះពាល់ដល់កុមារកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) 

ញូវយ៉ក៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបន្តសកម្មភាពបកអាក្រាតសកម្មភាពជាបន្តបន្ទាប់របស់ក្រុមយោធាថៃលើដែនអធិបតេយ្យកម្ពុជា រំលោភបំពានច្បាប់អន្តរជាតិ និងនាំឱ្យប៉ះពាល់ដល់កុមារកម្ពុជាជាង៦០០០នាក់ នៅតាមជាយដែនខ្មែរ-ថៃ។

លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់ពី​ការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងគួរឱ្យតក់ស្លុត​នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ​កុមារក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្តឱ្យបាន​ពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ​ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ លោកបានមានប្រសាសន៍ថា កុមារជាង ៦៤០០នាក់នៅកម្ពុជានៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក​ និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមារ​រងផលប៉ះពាល់។

បើតាមលោក កែវ ឈា បានរម្លឹកពីជំហររបស់កម្ពុជា គឺនៅតែប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបអាចរស់នៅ សិក្សា និង រីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច។

យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជា  នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥ បណ្តាលឱ្យមានជនភៀសសឹកប្រមាណ ៦៤០ ០០០នាក់ ដែលគិតមកត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅមានប្រជាពលរដ្ឋប្រមាណជាង ២១ ៥០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ពុំទាន់អាចវិលត្រលប់ទៅលំនៅឋានវិញនៅឡើយ បន្ទាប់ពីភូមិឋាន និងផ្ទះសម្បែង ត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ និងបំផ្លិចបំផ្លាញ៕

Khcct banner

អត្ថបទទាក់ទង