Img 1426
Swift cc time

ទូតឡាវសុំដកស្រង់ពិសោធន៍ពីកម្ពុជាលើ«ការងារបរិស្ថាន»ក្រោយកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេងគឺ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងស្តាំ៖ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា គឺលោក បួកែវ ភូមវង្សសាយ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា គឺលោក Sonexay VANNAXAY បានកោតសរសើរកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានបរិស្ថានធម្មជាតិស្អាតបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ ហើយលោកថែមទាំងបានស្នើសុំដកស្រង់ពិសោធន៍ពីកម្ពុជាលើកិច្ចការងារនេះ។ការថ្លែងនេះ ធ្វើឡើងក្នុងពេលលោកជួបជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា កាលពីម្សិលមិញ។

លោក Sonexay VANNAXAY បានគូសបញ្ជាក់ថា ដោយសារកម្ពុជា និងឡាវ ជាប្រទេសភូមិផងរបងជាមួយគ្នា ការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន គឺពិតជាមានសារៈសំខាន់ ដែលប្រទេសឡាវ ត្រូវការដកពិសោធន៍ពីកម្ពុជា ហើយលោកនឹងខិតខំជំរុញឱ្យក្រសួងបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-ឡាវ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ក្នុងការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិ។

លោក អ៊ាង សុផល្លែត បានចែករំលែកពីបទពិសោធន៍ខ្លះជូនទូតឡាវ ដោយកម្ពុជា បាននិងកំពុងអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលបានដាក់ចេញនូវវិធានការច្បាប់តឹងរ៉ឹង ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងការគ្រប់គ្រងវិស័យបរិស្ថាន តាមរយៈយុទ្ធនាការជាច្រើន សម្រាប់ការគ្រប់គ្រងការបំពុលបរិស្ថាន ក្នុងការថែរក្សាសុខភាពបរិស្ថានលើមេឃ លើដី និង ក្នុងទឹក ជំរុញការដាំកូនឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃត និងប្រែក្លាយកម្ពុជា ទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ 

លោកបានថ្លែងបន្ថែមថា កម្ពុជាអាចចែករំលែក ស្តីពីការផ្សារភ្ជាប់អត្ថប្រយោជន៍សេដ្ឋកិច្ច ទៅនឹងការអភិរក្សបរិស្ថាន ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃប្រទេសទាំងពីរ នៅពេលខាងមុខ និង បានថ្លែងការគាំទ្រការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ និង ជាពិសេសការរួមគ្នា ដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល ដូចជាការប្រែប្រួលអាកាសធាតុ ការដោះស្រាយការបំពុលបរិស្ថាន និងបញ្ហាប្លាស្ទិកជាដើម។

គួរបញ្ជាក់ថា ក្នុងវិស័យបរិស្ថានកម្ពុជា ជាពិសេសការវាយតម្លៃប្រចាំឆ្នាំ២០២៦ ថាកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ មានបរិស្ថានធម្មជាតិល្អបំផុតលើពិភពលោក ដោយសារការរក្សាតុល្យភាព រវាងអភិរក្សនិងការអភិវឌ្ឍ ការថែរក្សាគុណភាពខ្យល់ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព៕

Khcct banner

អត្ថបទទាក់ទង