ភ្នំពេញ៖ នៅរយៈពេល៥ខែ ដើមឆ្នាំ២០២៦នេះ ភ្ញៀវទេសចរជាតិប្រមាណជាង២០លាននាក់ បានចេញដើរកម្សាន្តតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា កើនឡើងប្រមាណជាង ៥០%បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ក្រសួងទេសចរណ៍កម្ពុជា ចាត់ទុកកំណើននេះ គឺជានិន្នាការថ្មីនៃវិស័យទេសចរណ៍កម្ពុជា ហើយរំពឹងថា ចំនួនទេសចរក្នុងស្រុកនេះ កាន់តែរីកចម្រើនបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ចរន្តទេសចរណ៍ក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង ដោយអ្វីដែលជាចំណុចលេចធ្លោនោះ គឺចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុកបានហក់ឡើងរហូតដល់ ៥៤,២% ស្មើនឹងជាង ២០,៣ លាននាក់ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦។សម្រាប់ក្រសួង ពន្យល់ថា កំណើនដ៏គួរឱ្យកត់សម្គាល់នេះ គឺបណ្តាលមកពីការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ក៏ដូចជាការអភិវឌ្ឍផលិតផល និង តំបន់ទេសចរណ៍ថ្មីៗ ដែលបានទាក់ទាញប្រជាពលរដ្ឋឱ្យចេញដើរលេងកម្សាន្ត និង ស្វែងយល់ពីគោលដៅទេសចរណ៍ក្នុងស្រុកកាន់តែច្រើនឡើង។
បើតាមរបាយការណ៍ដដែល តាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និង គោលការណ៍អនុញ្ញាតដោយប្រមុខរាជរដ្ឋាភិបាល លើដាក់ចេញនូវយុទ្ធនាការជំរុញទេសចរណ៍ថ្មី និង ទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម បង្កលក្ខណៈអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និង កម្សាន្តជាច្រើននៅទូទាំងប្រទេស បានបង្កើតនូវសន្ទុះវិជ្ជមានសម្រាប់ទេសចរណ៍ជាតិគួរឱ្យកត់សម្គាល់សម្រាប់វិស័យទេសចរណ៍កម្ពុជា៕