Img 1426
Swift cc time

ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY របស់កម្ពុជា ឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលកម្ពុជា verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ (United Nations Public Service Awards 2026) ក្នុងនាមជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ពិធីប្រគល់ពានរង្វាន់នេះត្រូវបានធ្វើឡើងនៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ «ការបំប្លែងស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន» នៅទីក្រុងអ៊ីញឈុន ប្រទេសកូរ៉េខាងត្បូង។

ថ្នាល verify.gov.kh ជានិមិត្តរូបជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០២៣ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ ថ្នាល verify.gov.kh ត្រូវបានធ្វើសមាហរណកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាលនេះកាន់តែមានសក្តានុពល ដោយបានបំបាត់ការទាមទារចម្លងរឹងមានការបញ្ជាក់នីត្យានុកូលភាព មានភាពបត់បែន និងកាន់តែរឹងមាំផ្នែកសន្តិសុខសាយប័រ ស្របតាមស្តង់ដារអន្តរជាតិ។ កត្តាទាំងនេះហើយដែលធ្វើឱ្យថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលទី៤ នៅលើសកលលោក និងបាននិងកំពុងចែករំលែកជាបទពិសោធន៍ដល់ប្រទេសមួយចំនួនផងដែរ។

គួរបញ្ជាក់ថា មុននឹងទទួលបានពានរង្វាន់កម្រិតពិភពលោកពីអង្គការសហប្រជាជាតិនេះ ថ្នាល verify.gov.kh របស់កម្ពុជាក៏ធ្លាប់បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី និងពានរង្វាន់សេវាឌីជីថលឆ្នើមនៃទិវាDiscussion សកលស្តីពីសង្គមព័ត៌មានវិទ្យា លើកទី២០ នៅប្រទេសស្វីស ផងដែរ។

ក្រសួងប្រៃសណីយ៍ចាត់ទុកថា ភាពជោគជ័យជាបន្តបន្ទាប់ទាំងអស់នេះ បានបង្ហាញឱ្យឃើញពីសហគ្រិនភាពប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលមានការទទួលស្គាល់ក្នុងកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល៕

Khcct banner

អត្ថបទទាក់ទង