ព្រះសីហនុ៖ ភ្លៀងធ្លាក់ជាច្រើនម៉ោង នៅព្រឹកថ្ងៃទី២៥មិថុនានេះ បណ្តាលឲ្យតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ ដូចជាសង្កាត់២ សង្កាត់៣ សង្កាត់៤ រងការជន់លិចដោយជំនន់ទឹកភ្លៀង និងលិចចូលដល់ក្នុងផ្ទះពលរដ្ឋ ខូចខាតទ្រព្យសម្បត្តិ ដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ និងម៉ូតូ រថយន្ត ជាច្រើនគ្រឿង។ បើតាមអាជ្ញាធរបានឲ្យដឹងថា ក្រោយពីខូចខាតសម្ភារៈ និងរបស់ប្រើប្រាស់ខ្លះ ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតពលរដ្ឋនោះទេ យ៉ាងណាមិញអាជ្ញាធរអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នខ្ពស់។
គួរឲ្យដឹងដែរថា បើតាមការព្យាករណ៍អាកាសធាតុពីក្រសួងធនធានទឹក និងឧត្តុនិយម សម្រាប់ថ្ងៃទី២៥មិថុនានេះ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos) T2608 ដែលកំពុងផ្លាស់ទីរបស់ព្យុះនេះស្របនឹងព្យុះទី៧ ឈ្មោះ មេខលា (Mekkhala) T2607 ហើយបានវិវត្តទៅជាព្យុះសង្ឃរា ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែល បក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង ឈូងសមុទ្រកម្ពុជា និងលើកម្ពុជា។
ក្រសួងធនធានទឹកបញ្ជាក់ថា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លាស់ទីរបស់ព្យុះទាំងពីរនេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទីខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣៥% រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕