ប៉េកាំង៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជាជាច្រើននាក់ទៀត បានទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិនហើយ ដើម្បីទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦។
តាមផែនការ ក្នុងដំណើរទស្សនកិច្ចនោះ សម្តេច ហ៊ុន សែន និងក្រុមការងារនឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ជួបជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕