ភ្នំពេញ៖ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយ ពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្តចំនួន៩គ្រឿង បានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដី នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៤ មិថុនា ប្រកាសតវ៉ាជំទាស់យ៉ាងដាច់អហង្ការ ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។
យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយ ប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្តចំនួន៩គ្រឿងអមដំណើរ បានចុះវាស់វែងដីធ្លី និងបោះបង្គោល ព្រំដី នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលលេខ៤៦ និង៤៧។
កម្ពុជាចាត់ទុកសកម្មភាពនេះជាការរំលោភបំពានយ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែន គោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003) ក៏ដូចជាកំណត់ហេតុ នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។
សកម្មភាពទាំងនេះ ក៏ជាការបំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែល ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាង ប្រទេសទាំងពីរ។
កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញ ទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕