ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ទៀ បាញ់ អតីតប្រមុខការពារជាតិកម្ពុជា អមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជាជាច្រើននាក់ទៀត នៅថ្ងៃទី ២៥ មិថុនានេះ បានចាកចេញពីកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦។
តាមផែនការ ក្នុងដំណើរទស្សនកិច្ចនោះ សម្តេច ហ៊ុន សែន និងក្រុមការងារនឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ជួបជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។យោងតាមប្រភពពីព្រឹទ្ធសភាកម្ពុជាទស្សនកិច្ចមិត្តភាពផ្លូវការនេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និង លើកកម្ពស់មិត្តភាពដែកថែប ជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែ ជោគជ័យបន្ថែមទៀត៕