ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ មិថុនា បានស្នើសុំឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរដែលឱ្យ «កុមារ និង អនីតិជន»ចូលរួមប្រកួត ដែលខុសពីលក្ខខណ្ឌបច្ចេកទេសស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធ ខណៈអាចបង្កហានិភ័យដល់សុវត្ថិភាព និងសុខភាពរបស់កីឡាករជាកុមារ។ ការលើកឡើងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង មានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេស លើកទឹកចិត្តឱ្យកុមារ និងអនីតិជនចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍អភិវឌ្ឍកីឡាប្រកបដោយ សុវត្ថិភាព និងការការពារកុមារ។
បន្ទាប់ពីទទួលបានព័ត៌មាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន និងបានរកឃើញថា ការរៀបចំប្រកួតនេះពុំបានបំពេញលក្ខខណ្ឌបច្ចេកទេសស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធឡើយ ជាពិសេស ការផ្គូផ្គងកីឡាករពុំមានការវាយតម្លៃច្បាស់លាស់លើសមត្ថភាព បទពិសោធន៍ និងប្រភេទទម្ងន់ ដែលអាចបង្កហានិភ័យដល់ សុវត្ថិភាព និងសុខភាពរបស់កីឡាករ។ ជាមួយគ្នានេះ អ្នករៀបចំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ រួមទាំងអាជ្ញាកណ្តាល ពុំមានភស្តុតាង បញ្ជាក់ពីការបណ្តុះបណ្តាល និងការទទួលស្គាល់ពីសហព័ន្ធ។ ម្យ៉ាងវិញទៀត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏មិនបានចេញ លិខិតអនុញ្ញាត ឬឯកភាពឱ្យរៀបចំកម្មវិធីនេះឡើយ។
ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជម្រាបជូនអាជ្ញាធរ មូលដ្ឋាន និងបានណែនាំឱ្យអ្នករៀបចំផ្អាកការប្រកួត។ ទោះជាយ៉ាងណា អ្នករៀបចំកម្មវិធីនៅតែបន្តរៀបចំការប្រកួតនេះ ដោយបន្តទៅរៀបចំការប្រកួតនៅទីតាំងផ្សេងទៀត ដោយមិនមានការអនុញ្ញាត និងការឯកភាពពីសហព័ន្ធកីឡាប្រដាល់គុន ខ្មែរឡើយ។
ហេតុនេះ ក្រសួងអប់រំ បានស្នើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវណែនាំ និងបញ្ឈប់ជាបន្ទាន់នូវការរៀបចំការ ប្រកួតនេះ។ ក្រសួងអប់រំ សូមអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព សហគមន៍ និងបុគ្គលដែលមានបំណង រៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវគោរពតាមបទប្បញ្ញត្តិ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាធរមាន ព្រមទាំងត្រូវ យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខភាព និងសេចក្តីថ្លៃថ្នូររបស់កីឡាករ៕