Img 1426
Swift cc time

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីមួយរបស់កូរ៉េ បញ្ជាក់ពីការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិ នៃកម្ពុជា)

ភ្នំពេញ៖ ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន BNK Financial Group នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានបង្ហាញការវាយតម្លៃជាវិជ្ជមានចំពោះបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។ ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក Bin Daein ប្រធាន និងនាយកប្រតិបត្តិ បានលើកឡើងអំពីវឌ្ឍនភាពនៃប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BNK Financial Group នៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា។

លោករំពឹងថា ការរីកចម្រើននៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចាប់អារម្មណ៍របស់វិនិយោគិនកូរ៉េបន្ថែមទៀតចំពោះសក្តានុពលវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានជម្រាបពីគម្រោងរៀបចំដំណើរទស្សនកិច្ចសម្រាប់ដៃគូអាជីវកម្មពីសាធារណរដ្ឋកូរ៉េ មកកម្ពុជានាពេលខាងមុខផងដែរ។

ជាមួយគ្នានេះ លោកស្រី ជា សិរី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការបន្តពង្រឹងបរិយាកាសអំណោយផលសម្រាប់វិនិយោគិន។ បន្ថែមលើនេះ លោកស្រីក៏បានជម្រាបជូនអំពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត៕



Khcct banner

អត្ថបទទាក់ទង