ឡាវ៖ កម្ពុជា-ឡាវ ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងគ្នា និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា ជាពិសេសជំរុញការនាំចេញកសិផលកម្ពុជាទៅទីផ្សារអន្តរជាតិ។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក សនសៃ ស៊ីផាន់ដន(Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសឡាវ។
ក្នុងដំណើរទស្សនកិច្ច និងកិច្ចពិភាក្សាដ៏សំខាន់នេះ លោក ឌិត ទីណា បានលើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ លើចំណុចអាទិភាពសំខាន់ៗ ក្នុងការបង្កើនទំហំកសិ-ពាណិជ្ជកម្ម ការផ្គូរផ្គងវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ។
ជាមួយគ្នានេះ លោក សនសៃ ស៊ីផាន់ដន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏បានលើកឡើងពីលទ្ធភាពក្រសួងកសិកម្មនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងអភិរក្សរួមគ្នា សំដៅរក្សាបាននូវនិរន្តរភាពព្រៃឈើនិងសត្វព្រៃ។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ របស់គណៈប្រតិភូកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កិច្ចសហប្រតិបត្តិការអភិរក្ស និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕