Img 1426
Swift cc time

ក្រសួងមហាផ្ទៃ រម្លឹកឱ្យគណបក្សនយោបាយទាំងអស់ ប្រយ័ត្នការទទួលយកលុយពីបរទេស ដែលអាចប្រឈមរំលាយចោល

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី២៣មិថុនានេះ បានចេញសេចក្តីប្រកាសរម្លឹកដល់គណបក្សនយោបាយទាំងអស់ ប្រយ័ត្នការទទួលយកលុយពីបរទេស គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ដែលអាចប្រឈមរំលាយចោល។ ការបញ្ជាក់របស់ក្រសួងមហាផ្ទៃយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីសារព័ត៌មាន The Sunday Guardian កាលពីពេលថ្មីៗនេះ បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេសឱ្យគណបក្សនយោបាយមួយចំនួននៅ កម្ពុជារួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។

ក្រសួងមហាផ្ទៃគូសបញ្ជាក់ថា ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះគឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាព ណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។

គួរឲ្យដឹងថា ជាក់ស្តែងច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយត្រូវបានហាមឃាត់មិនឱ្យទទួល វិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភព ហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើស ច្បាប់បានអនុញ្ញាតឱ្យ ក្រសួងមហាផ្ទៃ ផាកពិន័យជាប្រាក់ និងអាចប្ដឹង រំលាយគណបក្សនយោបាយនោះទៅតុលាការកំពូល។ 

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តចំពោះគណបក្សនយោបាយ ទាំងអស់ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំណែក ពង្រឹងនីតិរដ្ឋ កសាង និងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ៕

Khcct banner

អត្ថបទទាក់ទង