រដ្ឋបាលជលផល និងកងកម្លាំងយោធា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចពាមឈើកែវ ដល់កប់ចិន ជាប់ព្រំប្រទល់ឃុំអន្លុងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ការបង្ក្រាបនេះ ដឹងនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដឹកនាំមន្ត្រីសង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា។
ក្នុងនោះ ក្រុមការងារជំនាញ បានរុះរើកាប់បំផ្លាញចោលរបាំងស្បៃមុង ខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន១១ របាំងប្រវែង ៦៥០ ម៉ែត្រ ឡុកស្បៃមុងចំនួន ១១គ្រឿង លូឬលបស្បៃមុង ចំនួន២២មាត់ បង្គោលចំនួន ៥៥០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាម៕