ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបន្តផ្តល់ ការលើកទឹកចិត្តផ្នែកពន្ធដារ លើ«ផលិតផលស៊ីម៉ងត៍»ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។ការប្រកាសនេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយក្រុមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល។
គួររម្លឹកថា កាលពីចុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងអាករពិសេស លើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុន ជាសមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា កំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារ និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។
បើតាមរបាយការណ៍របស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា សព្វថ្ងៃនេះ សមាជិកសមាគម បានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។
ក្នុងជំនួបនោះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។សម្រាប់សម្តេច ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។
សម្ដេចបានលើកទឹកចិត្តឱ្យ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕