Img 1426
Swift cc time

រដ្ឋបាលខណ្ឌឫស្សីកែវ រៀបចំ«ប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀង»១ខ្សែបន្ថែម ក្នុងសង្កាត់ទួលសង្កែទី១

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ មិថុនានេះ បានបើកដ្ឋានរៀបចំប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែម ១ខ្សែទៀត ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ដែលចាំបាច់ត្រូវកាត់បេតុងទទឹងផ្លូវបេតុថ្មីអតីតផ្លូវរថភ្លេីង។ អំឡុងពេលអនុវត្តគម្រោងនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់អាចមានការកកស្ទះចរាចរណ៍មួយចំនួន។

បើតាមរដ្ឋបាលខណ្ឌឫស្សីកែវ បានលើកឡើងថា នៅរដូវស្សាតែងតែមានជំនន់ទឹកភ្លៀងជនលិចក្នុងមូលដ្ឋានសង្កាត់ចំនួន២ គឺសង្កាត់ទួលសង្កែទី១ ជនលិចកំណាត់ផ្លូវលេខ៩៣ ស្ថិតនៅក្រុមទី២ ក្រុមទី៣ ភូមិផ្សារតូច និងក្រុមទី១៥ ភូមិចុងខ្សាច់ ជាប់ព្រំប្រទល់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ។ ចំណែក ក្នុងសង្កាត់ឫស្សីកែវ មានការជន់លិច ភូមិឃ្លាំងសាំង និងភូមិសាមគ្គី ដោយសារប្រព័ន្ធលូចាស់កាត់ទទឹងផ្លូវបេតុងថ្មីអតីតផ្លូវរថភ្លេីង មានហំតូចបេីធៀបនិងបរិមាណជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានសង្កាត់ទាំងពីរ ទឹកហូរយឺត បណ្តាលឱ្យជំនន់ទឹកភ្លៀងបន្តលិចលង់លំនៅដ្ឋានពលរដ្ឋរយៈពេលយូរ បង្កេីតបញ្ហាលំបាកដល់ជីវភាពរស់។

ដូច្នោះ អាជ្ញាធររៀបចំស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងនៅមូលដ្ឋានសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ដោយអូសទឹកចេញពីតំបន់ព្រំប្រទល់សង្កាត់ទាំងពីរឱ្យហូរកាត់ខាងក្រោមផ្លូវបេតុងថ្មីនេះ តភ្ជាប់ចូលទៅប្រព័ន្ធលូមេ ផ្លូវ៩៩ ហូរទម្លាក់ចូលទៅព្រែកអូវែង និងហូរចូលទៅទន្លេសាបតាមស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក។ គម្រោងនេះ គ្រោងបញ្ចប់នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ ចំណែកបេតុងដែលកាត់សម្រាប់ដាក់លូថ្មីនេះ នឹងត្រូវចាក់បេតុងបំពេញដូចដេីមវិញ៕ 


Khcct banner

អត្ថបទទាក់ទង