បន្ទាយមានជ័យ៖ ប្រជាកសិករមួយរូប បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ ពេលគាត់កំពុងភ្ជួរដីស្រែរបស់គាត់ ក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះបើតាមអាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
បើតាមអាជ្ញាធរមីន ហើយភ្លាមៗនោះ ប្រជាកសិករក៏បានរាយការណ៍ជូនក្រុមស្រាវជ្រាវ និងកម្ទេចរបស់អង្គការហេឡូត្រាស្ត។ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍នេះ ក្រុមការងារជំនាញបានចុះពិនិត្យ ហើយក៏បានឃើញគ្រាប់មិនទាន់ផ្ទុះមួយរណ្តៅបន្ថែមទៀត នៅក្បែរនោះផងដែរ។
អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន៕