ត្បូងឃ្មុំ៖ សមត្ថកិច្ច កាលពីថ្ងៃទី២០ មិថុនា បានសហការធ្វើការឃាត់ខ្លួនជនសង្ស័យ១រូប ឈ្មោះ ហ.ត.ហ ភេទប្រុស ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់ ប្រមាណ៥០លើក បានប្រមាណជាង ១១ម៉ឺនដុល្លារ។
តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ មន្ត្រីជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លារ។
បើតាមសមត្ថកិច្ច ជនសង្ស័យបានប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ ដោយជនសង្ស័យបានចូលទៅមើលការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដែលមានលក់សម្លៀកបំពាក់ និងផ្លែឈើ ហើយជនសង្ស័យបានកត់ចំណាំជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយបានក្លែងបន្លំគណនីតេឡេក្រាមរបស់ម្ចាស់ទំព័រហ្វេសប៊ុកម្ចាស់អាជីវកម្មផ្សេង ទាក់ទងទៅជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយប្រាប់ថា ជនរងគ្រោះបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ហាងខុសគោលការណ៍ ធ្វើឱ្យខូចប្រព័ន្ធ System បណ្ដាលឱ្យខាងធនាគារ Block គណនីធនាគាររបស់ហាង តម្រូវឱ្យជនរងគ្រោះបង់ប្រាក់ដើម្បីដោះស្រាយ បើសិនជាជនរងគ្រោះមិនព្រមបង់ប្រាក់ ជនសង្ស័យបានយកគណនីតេឡេក្រាម ដែលបានក្លែងបន្លំជាថ្នាក់ដឹកនាំ (នគរបាលជាតិ) ទាក់ទងទៅជនរងគ្រោះ គំរាមចាប់ខ្លួនជនរងគ្រោះ។
បច្ចុប្បន្ននាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ទន្ធឹងនឹងនេះ សមត្ថកិច្ច បានក្រើនរំលឹងដល់ប្រជាពលរដ្ឋ សូមមេត្តាប្រយ័ត្នចំពោះការទំនាក់ទំនង ពីគណនីតាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយមិនមានប្រភពច្បាស់លាស់ ជៀសវាងចាញ់បោកជនខិលខូចដោយប្រការណាមួយ និងសូមធ្វើការរាយការណ៍ជូនសមិត្ថកិច្ចភ្លាមៗក្នុងករណីមានការទំនាក់ទំនងមកខុសប្រក្រតី ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងបង្រ្កាបជនខិលខូចទាំងនោះអោយទាន់ពេលវេលា៕