លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សា និងសំណេះសំណាលការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោក ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងលោក KIM Young Chan នាយកវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៩មិថុនា។ ក្នុងជំនួបនោះ ភាគីកម្ពុជា និងកូរ៉េ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យកែច្នៃចំណីអាហារ ជាប្រភេទគម្រោង ដែលប្រទេសកម្ពុជាកំពុងត្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន។
លោក ហុង រ៉ាដា បានជម្រាបជូនឯកអគ្គរាជទូត ដោយសង្ខេបអំពីដំណើរការមជ្ឈមណ្ឌលកែច្នៃចំណីអាហារក្នុងប្រទេសកម្ពុជា និងសមិទ្ធិផលនានា ដែលទទួលបានក្នុងដំណើរទស្សនកិច្ចលើកទី២ របស់លោកក្នុងប្រទេសកូរ៉េ។ លោកបានលើកឡើងថា តាមរយៈ បទពិសោធន៍នៃដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន រោងចក្រ និងក្រុមហ៊ុនចំណីអាហារកូរ៉េលើកនេះ គណៈប្រតិភូទទួលបានធាតុចូលសំខាន់ៗជាច្រើន ដែលអាចយកជាគំរូល្អៗទៅអនុវត្តនៅវិទ្យាស្ថានកែច្នៃចំណីអាហាររបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែសម្រួលចំណុចខ្វះខាតរបស់ខ្សែច្រវ៉ាក់ផលិតកម្មដែលកំពុងដំណើរការនៅវិទ្យាស្ថាន។
ក្នុងឱកាសនោះផងដែរ លោក KIM បានថ្លែងអំណរគុណចំពោះក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងពេលកន្លងមក។ បន្ថែមពីនេះ លោកក៏បានស្នើសុំស្ថានទូតបន្តការគាំទ្រ និងជួយផ្សព្វផ្សាយអំពីសមិទ្ធិផល និងអត្ថប្រយោជន៍នៃគម្រោង ODA របស់កូរ៉េនៅកម្ពុជា ពិសេសគម្រោងកែច្នៃចំណីអាហារនេះ។
ឯកអគ្គរាជទូតបានវាយតម្លៃជាវិជ្ជមាន និងសម្តែងការគាំទ្រចំពោះគម្រោងជំនួយនានារបស់កូរ៉េ ជាពិសេសគម្រោងកែច្នៃចំណីអាហារនេះ ជាប្រភេទគម្រោង ដែលប្រទេសកម្ពុជាកំពុងត្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន។ លោកក៏បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការជួយផ្សព្វផ្សាយអំពីសមិទ្ធិផលគម្រោង ODA របស់កូរ៉េ ដល់ដៃគូជំនួបនានា នាពេលខាងមុខផងដែរ។ លើសពីនេះ លោកក៏បានបញ្ជាក់ថា កម្ពុជាគួរត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនិន្នាការពីគម្រោងលក្ខណៈប្រពៃណី ទៅជាគម្រោងបែបបច្ចេកវិទ្យាទំនើប ដែលកំពុងមានតម្រូវការខ្លាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕