Img 1426
Swift cc time

ក្រុមអ្នកសារព័ត៌មានកម្ពុជា ប្រកួតបាល់ទាត់មិត្តភាពជាថ្មីជាមួយ សមាគមធនាគារនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងជួយសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមអ្នកសារព័ត៌មានកម្ពុជា (Cambodia Media football) និង សមាគមធនាគារនៅកម្ពុជា (ABC) លើកទី២ ត្រូវបានរៀបចំឡើង កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ NBC Sports ប្រកបដោយជោគជ័យ ជាលទ្ធផលក្រុមទាំងពីរ គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា។

លើវាលស្មៅសប្បនិម្មិត ៣តង់រយៈពេលសរុបចំនួន ៩០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប៉ះទង្គិចគ្នា ធ្វើឱ្យកីឡាករណាម្នាក់រងរបួសនោះឡើយ។ ក្រោយប្រកួតដ៏ស្វិតស្វាញ ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ៦ទល់៦។

លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងជាប្រធានក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមប្រកួតមិត្តភាព ជាមួយសមាគមធនាគារនៅកម្ពុជា ជាលើកទី២ ដែលជួយឱ្យចំណងមិត្តភាពរវាងអ្នកសារព័ត៌មានកម្ពុជា និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថានធនាគារ កាន់តែស្និតស្នាល។

លោកបន្ថែមថា គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានដឹកនាំសមាជិករបស់សមាគម ដែលជាប្រធាននាយកប្រតិ​បត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារនានានៅកម្ពុជា ចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា។ លោក សោភ័ណ និងសមាជិកក្រុមទាំងសុទ្ធតែ បង្ហាញការសប្បាយរីករាយ ចំពោះការប្រកួតប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។

លោកបន្ថែមថា ការប្រកួតបាល់ទាត់មិត្តភាពនេះ បានជួយឱ្យថ្នាក់ដឹកនាំរបស់បណ្តាគ្រឹះស្ថានធនាគារពាណិជ្ជកម្មនៅកម្ពុជា ស្គាល់ និងរាប់អានគ្នាជាលក្ខណៈបុគ្គល ជាមួយបងប្អូនអ្នកសារព័ត៌មានកាន់តែច្រើនជាងមុន ហើយពិសេសនោះ គឺជួយឱ្យយើងអាចស្គាល់ពីសុខភាពរបស់ខ្លួន និងចេះថែរក្សាសុខភាព។

លោកថា «យើងឈ្នះទាំងគ្នា គឺការប្រកួតថ្ងៃនេះបង្ហាញថា ការដែលយើងខិតខំថែរក្សាសុខភាពកន្លងមក អាចឱ្យយើងលេងបាល់ទាត់ បានយ៉ាងស្វាហាប់នៅពេលនេះ»។

សូមជម្រាបថា ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពព័ត៌មាន Fresh News, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និង សារព័ត៌មានឧកញ៉ា News ។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជាក៏ បាន​សម្តែង​ការអរគុណជាពិសេស ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានារបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង