ភ្នំពេញ៖អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមើលឃើញពីមហិច្ឆតាឈ្លានពាន ស្រេកឃ្លានទឹកដីកម្ពុជាពីប្រទេសថៃ គឺថៃនឹងមិនបានបោះបង់ចោលនោះទេ ហើយនិងបានព្រមានថា បញ្ហាព្រំដែនជាមួយថៃ កុំសង្ឃឹមថាអាចនឹងដោះស្រាយបានចប់សព្វគ្រប់ឆាប់ឱ្យសោះ វាអាចនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ទៅមុខទៀត។
បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានចេញសាររម្លឹកពីប្រវត្តិនៃការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យជាតិកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោយកម្ពុជាបានប្តឹងទៅ ICJ ករណីប្រាសាទព្រះវិហារ ហើយកម្ពុជាបានឈ្នះក្តីប្រទេសថៃបានរករឿងកម្ពុជាជាប្រចាំ ហើយមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុត រហូតមិនឱ្យប្រជាជននៃប្រទេសទាំងពីរចេញចូលរកគ្នា។
បើតាមបណ្ឌិត គិន ភា បញ្ហាគឺពីប្រទេសថៃ មិនគោរពតាមខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ហើយប្រទេសចោរប្រវត្តិសាស្ត្រនេះ ចេះតែចិញ្ចឹមចិត្តចង់បានដីខ្មែរមិនព្រមឈប់ និង បានគូសផែនទីជាឯកតោភាគី ហើយប្រើប្រាស់វាដើម្បីឈ្លានពានកម្ពុជា។
អ្នកជំនាញរូបនេះ ថែមទាំងបានព្រមានទៀតថា បញ្ហាព្រំដែនជាមួយថៃ កុំសង្ឃឹមថា អាចនឹងដោះស្រាយបានចប់សព្វគ្រប់ឆាប់ឱ្យសោះ វាអាចនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ទៅមុខទៀត ព្រោះមហិច្ឆតារបស់ថៃស្រេកឃ្លានទឹកដីកម្ពុជា គឺមិនបានបោះបង់ទេ។ដូច្នេះ យុវជនកម្ពុជាត្រូវពង្រឹងសមត្ថភាព និង ភាពធន់លើគ្រប់វិស័យ។
គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក ប្រទេសថៃបានបើកការឈ្លានពានទឹកដីកម្ពុជាជាថ្មី និងបានចូលកាន់កាប់លើទីតាំងមួយចំនួន ក្រោយបទឈប់បាញ់។កម្ពុជាតវ៉ាជំទាស់ជាច្រើនសា ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា និងមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំ បង្កើតឡើង តាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត៕