ត្បូងឃ្មុំ៖យុវជនកម្ពុជាជាច្រើននាក់ ភាគច្រើនគឺជាថ្នាក់ដឹកនាំជំនាន់ក្រោយ កាលពីថ្ងៃទី ២០ មិថុនា បានជួបជុំគ្នារៀបចំកម្មវិធី «ដើរថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ» ដើម្បីរំលឹកដល់វីរភាព និង ការលះបង់ដ៏ធំធេងរបស់អ្នកជំនាន់មុន ព្រមទាំងរំឭកពីការឈឺចាប់ដែលមិនអាចកាត់ថ្លៃបាន ក្នុងដំណើរប្រវត្តិសាស្ត្រនៃការតស៊ូរំដោះប្រទេសជាតិ និង ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ។
ពិធីនេះធ្វើឡើង នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ជាទីតាំងដែលកាលពី ៤៩ ឆ្នាំមុន ថ្នាក់ដឹកនាំជំនាន់ចាស់ គឺសម្តេច ហ៊ុន សែន និង យុទ្ធជនដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្ត ក្នុងស្ថានភាពដ៏តានតឹងបំផុត ចាកចេញពីទឹកដីចាកចេញពីក្រុមគ្រួសារ ឆ្លងកាត់ភូមិស្ថាននានា ព្រមទាំងព្រំដែនដ៏សែនគ្រោះថ្នាក់ទៅវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និង ប្រជាជនកម្ពុជាចេញពីបនប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងកម្មវិធីនេះ មានយុវជនចូលរួមសរុបប្រមាណជាង ៣០០នាក់ ធ្វើដំណើរដោយថ្មើរជើង ក្រោមកម្តៅសូរ្យសែងឆ្លងកាត់ នូវស្លាកស្នាមប្រវត្តិសាស្រ្តជាច្រើន ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម (X16) ហើយបានបោះជំរុំ ទស្សនាកម្រងឯកសារប្រវត្តិសាស្ត្រប្រវត្តនៃការតស៊ូរំដោះជាតិមាតុភូមិរបស់ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧។
ក្រៅពីនេះ ពោលគឺនៅព្រឹកថ្ងៃទី ២១ មិថុនា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយក្រុមយុវជនជាច្រើនទៀត រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព និង ឥស្សរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយ ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធី គឺបណ្តុះស្មារតីឱ្យយុវជនជំនាន់ក្រោយ ត្រូវស្រឡាញ់ជាតិ និង ពង្រឹងជំនឿលើអនាគតរបស់ប្រទេសជាតិ តាមរយៈមេរៀនប្រវត្តិសាស្ត្រដែលបង្ហាញថា ទោះស្ថិតក្នុងស្ថានភាពដ៏លំបាក និងងងឹតបំផុតក៏ដោយ ប្រជាជាតិមួយមិនត្រូវបោះបង់ក្តីសង្ឃឹមឡើយ។ហើយកម្មវិធីនេះ គឺធ្វើឡើងចំពេលដែលកម្ពុជា ត្រូវបានប្រទេសថៃ បើកការឈ្លានពានជាថ្មី ដែលទាមទារឱ្យប្រជាជាតិខ្មែរគ្រប់រូបត្រូវរួមសាមគ្គីភាពគ្នា ប្រឆាំងការឈ្លានពានជាថ្មីនេះ៕