ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ សហការជាមួយក្រុមការងារពិធីករកីឡាកម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ «បរិច្ចាគឈាម ចងចាំវីរភាព» ដើម្បីរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺដែលខ្វះខាតឈាម និងសម្តែងការដឹងគុណកងកម្លាំងស្នេហាជាតិ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងប្រជាពលរដ្ឋ និងយុវជនយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ K & L)។
យុទ្ធនាការមនុស្សធម៌នេះ ធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពឥស្សរជន និងកងកម្លាំងស្នេហាជាតិ ជាពិសេសការរំលឹកនឹកដល់ ខួប ៤៩ឆ្នាំ នៃទិវាប្រវត្តិសាស្ត្រដែល សម្តេច ហ៊ុន សែន សម្រេចចិត្ត «យកជីវិតធ្វើជាដើមទុន» (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) ដើម្បីសង្គ្រោះជាតិ និងស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ ការបង្ហាញទឹកចិត្តស្រឡាញ់ និងការរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺ ដែលខ្វះខាតឈាម យុទ្ធនាការនេះក៏មានគោលបំណងបណ្តុះទម្លាប់ និងជំរុញវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងស្រទាប់យុវជន និងសាធារណជនទូទៅឱ្យកាន់តែសកម្មទូទាំងប្រទេស៕