ពោធី៍សាត់៖ សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់ នឹងក្លាយជាម្ចាស់គម្រោងដាំស្មៅយក្សគំរូដំបូងគេ ដែលមានប្រយោជន៍សំខាន់ មិនត្រឹមតែចូលរួមចំណែក ទប់ស្កាត់ការកាប់ព្រៃឈើ និងថែមទាំងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ នេះបើតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីដាំដើមឈើក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
លោករដ្ឋមន្រ្តីបានថ្លែងថា ការដាំស្មៅយក្ស បង្កើតប្រភពចំណូលបន្ថែម ប្រើប្រាស់ជាប្រភពថាមពលជំនួសដ៏មានប្រសិទ្ធភាព ដែលជួយបញ្ឈប់ការចូលកាប់ឈើធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាអុស និងធ្យូង។ ជាមួយគ្នានេះ ការដាំស្មៅយក្ស ជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន បង្កើតប្រភពចំណូលបន្ថែម និងឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ការបង្កើនគម្របបៃតងនៅទូទាំងប្រទេសកម្ពុជា បន្ថែមពីលើ យុទ្ធនាការ «ពន្លកបៃតង» ដែលក្រសួងបរិស្ថាន បាននិងកំពុងចែកកូនឈើឱ្យសាធារណជនយកទៅដាំរាប់លានដើមជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា ស្មៅយក្ស គឺជាប្រភេទស្មៅដុះលូតលាស់លឿន និងមានសភាពធំរឹង ដែលអាចយកមកធ្វើជាជីវអុស សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដុត ឬចម្អិនអាហារ ជំនួសការកាប់ឈើធម្មជាតិ និងឆ្លើយតបនឹងតម្រូវការសម្រាប់ថាមពលស្អាត របស់រោងចក្រ និងវិស័យឧស្សាហកម្មផ្សេងៗ។ គម្រោងជំរុញការដាំស្មៅយក្ស (Giant King Grass) ត្រូវបានក្រសួងបរិស្ថាន លើកឡើងមកពិភាក្សា កាលពីថ្ងៃទី២៩ សីហា ២០២៥ ដោយបានស្វែងរកការគាំទ្រពីបន្ថែមពីអង្គការពាក់ព័ន្ធនានា និងបច្ចុប្បន្ននេះ សហគមន៍តំបន់ការពារធម្មជាតិ ខេត្តពោធី៍សាត់ ត្រូវបានជ្រើសរើសជាគោលដៅដំបូងគេក្នុងការដាំស្មៅយក្សនេះ៕