Img 1426
Swift cc time

Smart Axiata និង AirAsia សហការដើម្បីបង្កើនភាពងាយស្រួលដល់ទេសចរណ៍ក្នុងការធ្វើដំណើរ និងភ្ជាប់ទំនាក់ទំនងក្នុងប្រទេសកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដើម្បីលើកកម្ពស់បទពិសោធន៍ធ្វើដំណើរ និងការភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកធ្វើដំណើរចេញចូល ដើម្បីជួយឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដែលមានការតភ្ជាប់ល្អ និងងាយស្រួលធ្វើដំណើរ។

ក្រុមហ៊ុនទាំងពីរមានបេសកកម្មរួមគ្នាក្នុងការជម្រុញការធ្វើដំណើរឱ្យកាន់តែរលូនជាងមុន។ ជាមួយនឹងចក្ខុវិស័យរបស់ AirAsia «ឥឡូវនេះគ្រប់គ្នាអាចហោះហើរបាន» (Now everyone can fly) និងការប្តេជ្ញាចិត្តរបស់ Smart «យើងភ្ជាប់ទំនាក់ទំនងរបស់លោកអ្នក។ យើងធ្វើឱ្យជីវិតលោកអ្នកកាន់តែប្រសើរឡើង។ (We Connect. We make lives better)» ភាពជាដៃគូនេះមានគោលបំណងរួមបញ្ចូលការតភ្ជាប់ទៅក្នុងការដើរកម្សាន្តយ៉ាងរលូន និងលើកបទពិសោធន៍ទេសចរណ៍នៅកម្ពុជា។

ប្រទេសកម្ពុជានៅតែបន្តលើកស្ទួយវិស័យទេសចរណ៍របស់ខ្លួន តាមរយៈការបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងការលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវទេសចរ។ ជាការឆ្លើយតប Smart និង AirAsia Cambodia កំពុងសហការគ្នាដើម្បីគាំទ្រដល់គោលដៅនៃិស័យទេសចរណ៍របស់កម្ពុជា ដោយការបញ្ចូលការភ្ជាប់ទំនាក់ទំនងទៅក្នុងបទពិសោធន៍ធ្វើដំណើរ ដើម្បីជួយធានាថាភ្ញៀវទេសចរអាចរីករាយនឹងការធ្វើដំណើរដែលកាន់តែមានភាពរលូន ងាយស្រួល និងអាចប្រើប្រាស់អ៊ីនធឺណិតបានយ៉ាងឆាប់សហ័ស បន្ទាប់ពីចុះពីយន្តហោះមក។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានលើកឡើងថា «ជើងហោះហើររបស់ AirAsia គួបផ្សំនឹងបណ្តាញដែលកំពុងពង្រីកជាបន្តបន្ទាប់របស់ Smart នឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរភ្ជាប់ទំនាក់ទំនង និងធ្វើដំណើរកាន់តែរហូន»។

លោកបានបន្តទៀតថា «បច្ចុប្បន្ន កម្ពុជាកំពុងអភិវឌ្ឍយ៉ាងលឿន ហើយប្រព័ន្ធអ៊ីនធឺណិតពិតជាមានសារៈសំខាន់ណាស់។ កាលណាភ្ញៀវទេសចរមកដល់ភ្លាម មានសេវាប្រើប្រាស់ភ្លែត ពួកគេនឹងជួយផ្សព្វផ្សាយពីកម្ពុជាយើងទៅកាន់ពិភពលោកដោយខ្លួនឯង។ ហើយការចូលរួមផ្គត់ផ្គង់សេវាពីសំណាក់ក្រុមហ៊ុន Smart នឹងជួយឱ្យទេសចរណ៍ផ្សព្វផ្សាយអំពីកម្ពុជាបានកាន់តែទូលំទូលាយ»។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំងពីរនឹងរួមគ្នាផ្សព្វផ្សាយ និងផ្ដល់ប្រូម៉ូសិនដល់អតិថិជន ដើម្បីលើកកម្ពស់បទពិសោធន៍ធ្វើដំណើរ ទាំងនៅលើប្រព័ន្ធឌីជីថលផង និងនៅតាមបណ្ដាមធ្យោបាយដទៃៗទៀត។

លោក Ritesh Kumar Singh នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ភាពជាដៃគូជាមួយ AirAsia នេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយសម្រាប់ការធ្វើដំណើរមកកម្ពុជាក្នុងយុគសម័យឌីជីថល ក្រោមការគាំទ្រពីបណ្តាញសេវាយ៉ាងទូលំទូលាយរបស់ Smart។ នៅពេលភ្ញៀវទេសចរមានអ៊ីនធឺណិតប្រើប្រាស់ភ្លាម ពួកគេនឹងដើរលេងកម្សាន្តដោយគ្មានក្ដីបារម្ភ និងចែករំលែករូបភាពបានភ្លាមៗ។ ភ្ញៀវទេសចរដែលមានអ៊ីនធឺណិតម្នាក់ៗ នឹងក្លាយជាអ្នកជួយផ្សព្វផ្សាយសម្រាប់ប្រទេសកម្ពុជា។»

ក្រុមហ៊ុន Smart បាននិងកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួនជាលំដាប់ ដើម្បីគាំទ្រដល់តម្រូវការដែលកំពុងកើនឡើងនេះ ជាមួយនឹងស្ថានីយបណ្តាញជាង 4,400 គិតត្រឹមចុងឆ្នាំ2025 និងការតម្លើងស្ថានីយអង់តែនសេវា 5G ចំនួន 748 នៅ 21 ខេត្តក្រុងក្នុងឆ្នាំ 2026 នេះ។ ដើម្បីគាំទ្រដល់ការតភ្ជាប់សម្រាប់ទេសចរណ៍ Smart បាននិងកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមលើទីតាំងទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ ការពង្រីកបណ្ដាញសេវាជាបន្តបន្ទាប់នេះ ធានាបាននូវការភ្ជាប់ទំនាក់ទំនងដែលមានល្បឿនលឿន និងគួរឱ្យទុកចិត្តនៅទីកន្លែងដែលសំខាន់សម្រាប់អ្នកធ្វើដំណើរ ចាប់ពីព្រលានយន្តហោះ និងក្នុងក្រុង រហូតដល់រមណីយដ្ឋានបេតិកភណ្ឌ និងតំបន់ឆ្នេរ។

លោកបានបន្ថែមថា «ការភ្ជាប់ទំនាក់ទំនងលែងគ្រាន់តែជាសេវាកម្មទៀតហើយ ប៉ុន្តែជាការផ្ដល់នូវបទពិសោធន៍រលូនមួយ។ Smart កំពុងបណ្តាក់ទុនជាបន្តបន្ទាប់ ដើម្បីបង្កើនការតភ្ជាប់ប្រសើរបំផុតសម្រាប់ភ្ញៀវទេសចរណ៍នៅពេលដែលពួកគេធ្វើដំណើរក្នុងប្រទេសកម្ពុជា។ នេះគឺជាស្នូលនៃតួនាទីរបស់យើងក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថល វិស័យទេសចរណ៍ និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។»

ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីគោលដៅរួមគ្នាក្នុងការជម្រុញប្រទេសកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដែលមានការតភ្ជាប់ល្អ មានភាពងាយស្រួល មានការរីកចម្រើនផ្នែកឌីជីថល និងមានបច្ចេកវិទ្យាជាភ្នាក់ងារដែលសម្រួលដល់ការធ្វើដំណើរ។

តាមរយៈការរួមបញ្ចូលគ្នារវាងការតភ្ជាប់ផ្លូវអាកាស ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្រុមហ៊ុន Smart Axiata និង AirAsia Cambodia កំពុងផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ទេសចរណ៍ដែលមកកម្សាន្តនៅកម្ពុជា។ ពោលគឺមានការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ កាន់តែទូលំទូលាយ និងកាន់តែសម្បូរបែប។

Khcct banner

អត្ថបទទាក់ទង