ភ្នំពេញ៖ កម្មវិធីពានរង្វាន់«ស្ត្រីឆ្នើម»ប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ កំពុងបើកជ្រើសរើសស្រ្តីដែលមានអាយុ៣៥ឆ្នាំ ឬក្រោម៣៥ឆ្នាំ ដែលមកពីតំបន់ជុំវិញអាស៊ីអាគ្នេយ៍ ដើម្បីចូលរួមបង្ហាញសមត្ថភាព ភាពលេចធ្លោ និងឆន្ទៈក្នុងការធ្វើជាគំរូដល់អ្នកដទៃ ក្លាយខ្លួនជាស្រ្តីឆ្នើម។
បើតាមកម្មវិធី ស្រ្តីដែលចូលរួម នឹងទទួលបានឱកាសកសាងបណ្តាញជាមួយស្រ្តីដទៃទៀតក្នុងតំបន់ ទទួលបានការទទួលស្គាល់ជាស្រ្តីគំរូតំណាងឱ្យកម្ពុជា និងបើកឱកាសថ្មីៗ ខណៈចែករម្លែកបទពិសោធន៍ទៅកាន់ស្រ្តីដទៃ ដើម្បីជំរុញលើកទឹកចិត្តដល់ស្រ្តីដទៃក្នុងវិស័យផ្សេងៗ។
ពានរង្វាន់ Women of the Future Awards អាស៊ីអាគ្នេយ៍ បើកចំហសម្រាប់ស្ត្រីដែលមានអាយុ ៣៥ ឆ្នាំ ឬក្រោម៣៥ឆ្នាំ។ បេក្ខនារីទាំងអស់ត្រូវតែជាពលរដ្ឋ ឬអ្នករស់នៅអចិន្ត្រៃយ៍នៃប្រទេសមួយក្នុងចំណោមប្រទេសចំនួន១១ នៅអាស៊ីអាគ្នេយ៍។
ដើម្បីដាក់ពាក្យ កម្មវិធីតម្រូវការប្រវត្តិការងាររបស់បេក្ខនារីនៅកន្លែងការងារ សមិទ្ធផលសំខាន់ៗរហូតមកដល់បច្ចុប្បន្ន ការយល់ដឹងអំពីចក្ខុវិស័យ/ផែនការរបស់បេក្ខនារីសម្រាប់អនាគត ទាំងផ្ទាល់ខ្លួន និងសម្រាប់ការងារដែលកំពុងធ្វើការ ភាពលេចធ្លោរបស់បេក្ខនារី ជីវប្រវត្តិចំនួន ៥០ពាក្យសម្រាប់ប្រើប្រាស់ក្នុងកម្មវិធី រូបថត និងប្រវត្តិរូបសង្ខេប។
បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអានព័ត៌មានលម្អិត និងដាក់ពាក្យតាមរយៈ Nominate - Women of the Future Awards យ៉ាងយូរត្រឹមថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៦៕