Img 1426
Swift cc time

កម្ពុជាប្រាប់រដ្ឋភាគី UNCLOS ពីការដោះស្រាយជម្លោះដែនសមុទ្រតាម UNCLOS ដោយសារថៃលុប MOU 2001 ដោយឯកតោភាគី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប.

បុរីញូវយ៉ក៖ តំណាងអចិន្ត្រៃយ៍ កម្ពុជា និងថៃ ប្រចាំអង្គការសហប្រជាជាតិ បានតតាំងគ្នាជាថ្មីនៅចំពោះមុខរដ្ឋភាគី UNCLOS ប្រមាណជិត ២០០ ប្រទេស អំពីការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ។ក្នុងវេទិកាអន្តរជាតិនោះ តំណាងអចិន្ត្រៃយ៍ កម្ពុជាបានប្រាប់រដ្ឋជាសមាជិក UNCLOS ថា កាលដែលកម្ពុជារើសយកការដោះស្រាយជម្លោះដែនសមុទ្រតាម UNCLOS ដោយសារថៃលុប MOU 2001 ដោយឯកតោភាគី។

ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និង ប្រទេសថៃ នោះកម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

ចំណែកតំណាងអចិន្ត្រៃយ៍ថៃ បានបន្តចោទកម្ពុជាវិញថា កម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី។ភ្លាមៗនោះ លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រង បានតបទៅថៃវិញថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ថៃបានលើកពីលេស រាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។បន្ថែមពីនេះ ថៃខ្លួនឯង បានលុបចោលអនុស្សរណៈឆ្នាំ ២០០១ ជា ឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។ 

ជាថ្មីម្តងទៀតតំណាងអចិន្ត្រៃយ៍កម្ពុជា បានប្រកាសជំហរជាថ្មីនៅចំពោះមុខរដ្ឋភាគី UNCLOS ថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើស ដំណើរការផ្សះផ្សារដោយបង្ខំនេះ គឺដើម្បីធានាការការពារ និងការគោរព អធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង