Img 1426
Swift cc time

យុវជនកម្ពុជា ឡាវ វៀតណាម ប្រមូលផ្តុំពង្រឹងសមត្ថភាពភាសា និង អភិវឌ្ឍសមត្ថភាពដឹកនាំ ក្រោមកម្មវិធី Access របស់អាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ យុវជនមកពីកម្ពុជា ឡាវ វៀតណាម រួមទាំងអ្នកជំនាញវិស័យអប់រំ មកពីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៨ មិថុនា បានប្រមូលផ្តុំក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ ឆ្នាំ២០២៦ ក្រោមកម្មវិធី Access ក្នុងខេត្តសៀមរាប ដើម្បីបង្កើតបណ្តាញទំនាក់ទំនងក្នុងតំបន់ ពង្រឹងសមត្ថភាពភាសា និងអភិវឌ្ឍសមត្ថភាពដឹកនាំ។

ស្ថានទូតអាម៉េរិកប្រចាំនៅភ្នំពេញ និងមន្ត្រីការិយាល័យភាសាអង់គ្លេសថ្នាក់តំបន់ នៃស្ថានទូតអាម៉េរិក ប្រចាំនៅហាណូយ សហការជាមួយអង្គការមូលនិធិអាស៊ី នាថ្ងៃទី១៨ មិថុនា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល សម្រាប់កម្មវិធីបង្រៀនអង់គ្លេស Access ថ្នាក់តំបន់នៅក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក Benjamin Chiang ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ និងលោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំនៅកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២៥០ នៃការបង្កើតសហរដ្ឋអាម៉េរិក។

កម្មវិធីនេះ មានរយៈពេលបីថ្ងៃ ធ្វើឡើងក្រោមប្រធានបទ “ការគិតគូរឡើងវិញ លើវិស័យអប់រំ» ដែលប្រមូលផ្តុំសិស្សានុសិស្ស និង លោកគ្រូ-អ្នកគ្រូ ដែលទទួលបានអាហារូបករណ៍ភាសាអង់គ្លេស ក្រោមកម្មវិធី Access មកពីប្រទេសកម្ពុជា ឡាវ វៀតណាម រួមទាំងអ្នកជំនាញវិស័យអប់រំ មកពីសហរដ្ឋអាម៉េរិក ដើម្បីបង្កើតបណ្តាញទំនាក់ទំនងក្នុងតំបន់ ពង្រឹងសមត្ថភាពភាសា និងអភិវឌ្ឍសមត្ថភាពដឹកនាំ។ កិច្ចប្រជុំកំពូលនេះផ្តោតសំខាន់លើ ការរៀនសូត្រ តាមរយៈការអនុវត្តផ្ទាល់ និងវិធីសាស្ត្របង្រៀនបែបអាម៉េរិក ដោយបង្ហាញឱ្យឃើញពីទំនាក់ ទំនងអប់រំ និងបង្កើនទំនាក់ទំនងប្រជាជន រវាងសហរដ្ឋអាម៉េរិក និងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ភាសាអង់គ្លេស Access បានគាំទ្រដល់អ្នកសិក្សាវ័យក្មេងរាប់ពាន់នាក់នៅទូទាំងតំបន់ តាមរយៈការបង្កើនឱកាស ដើម្បីទទួលបានការអប់រំភាសាអង់គ្លេស និងការបង្កើតឱកាសសម្រាប់ការរីកចម្រើនផ្នែកសិក្សាធិការ និងវិជ្ជាជីវៈ។ សិស្សានុសិស្ស នឹងចូលរួមក្នុងសកម្មភាពផ្សេងៗ មានដូចជាការអនុវត្តគម្រោងរួមគ្នា សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំ និងកម្មវិធីវប្បធម៌ ដែលរៀបចំឡើង ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ៕

Khcct banner

អត្ថបទទាក់ទង