Img 1426
Swift cc time

ក្រសួងព័ត៌មានជំរុញឱ្យសិស្សានុសិស្សលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រើបណ្តាញសង្គមដោយទទួលខុសត្រូវ ចៀសវាងប៉ះពាល់ការសិក្សា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន ថ្ងៃទី១៦ ខែមិថុនា បានជំរុញឱ្យសិស្សានុសិស្សលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងត្រូវចេះគ្រប់គ្រងពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដើម្បីចៀសវាងការញៀន ដែលអាចប៉ះពាល់ដល់ផលិតភាពការងារ និងលទ្ធផលនៃការសិក្សា។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួម យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ព្រមទាំងលោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្ទីរ ពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១ ៥០០ នាក់ នៅវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។

លោក ស្លេះ អាល់ហ្វីន បានលើកឡើងថា យុទ្ធនាការនេះមិនត្រឹមតែជាការបញ្ជ្រាបការយល់ដឹងអំពីផលជះអវិជ្ជមាននៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីធានាថាយុវជនជំនាន់ថ្មីយល់ច្បាស់ពីសិទ្ធិ សុវត្ថិភាពឌីជីថល និងក្របខ័ណ្ឌច្បាប់ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃព័ត៌មានក្លែងក្លាយ។ លោកសង្កត់ធ្ងន់ថា «អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ ហើយចំណេះដឹងនេះ គឺជាវ៉ាក់សាំងដ៏រឹងមាំបំផុត ក្នុងការការពារខ្លួនយើង និងសង្គមជាតិទាំងមូលពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ»។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យយុវជនដើរតួជា «អ្នកអប់រំបន្ត» ដោយត្រូវយកចំណេះដឹងទាំងនេះទៅចែករំលែកដល់មាតាបិតា និងចាស់ព្រឹទ្ធាចារ្យក្នុងសហគមន៍ ដើម្បីការពារពួកគេពីហានិភ័យនៃព័ត៌មានក្លែងក្លាយ។

គួររម្លឹងថា ក្រសួងព័ត៌មានអនុវត្តដោយជោគជ័យនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី១ និងបានបើកយុទ្ធនាការជំហានទី២ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើក្រុមយុវជន ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ ទន្ទឹមនេះ តាមការគ្រោងទុក យុទ្ធនាការជំហានទី២នេះ នឹងត្រូវអនុវត្តន៍ទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ៕


Khcct banner

អត្ថបទទាក់ទង