ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ មករា ២០២១នេះ កម្ពុជាបានរកឃើញករណីកូវីដ-១៩ ចំនួន១ករណីទៀត ដែលមិនមែនជាករណីនាំចូលមកពីប្រទេសថៃ តែជាករណីនាំចូលពីបរទេសជាស្រ្តីជនជាតិខ្មែរ-អាមេរិកកាំងម្នាក់ បន្ទាប់ពីធ្វើដំណើរពីអាមេរិកមកកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០២ មករា ២០២១នេះ កម្ពុជាមិនមានករណីអ្នកជាសះស្បើយពីកូវីដទេ និងមានករណីឆ្លងម្នាក់ជាស្រ្តីជនជាតិខ្មែរ-អាមេរិកកាំងដែល អាយុ ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ស្រ្តីខាងលើ បានធ្វើដំណើមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០១ មករា ២០២១ ហើយទទួលបានលទ្ធផលធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៧៩នាក់ (ស្រី១០២នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣២៤ នាក់ (ស្រី៦៩នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់(ស្រី ៨៦នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៧នាក់ (ស្រី០៣នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ០៤នាក់ (ស្រី ០៤នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនចំនួន ១០នាក់ (ស្រី១០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០២នាក់ (ស្រី០១នាក់)៕

