បន្ទាយមានជ័យ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ផ្ដល់អំណោយអំពូលសូឡា ចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ពិធីនេះ មានការចូលរួមពីលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា នៅសាលាស្រុកព្រះនេត្រព្រះ។
លោក គង់ ច័ន្ទវាសនា គូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជានិងចិន ក្នុងឋានៈជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំបាច់ដល់កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះទុនវិនិយោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លោកបន្ថែមថា អំណោយរបស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ រួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយខេត្តបន្ទាយមានជ័យ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈល្អ។
ជាមួយគ្នានោះដែរ លោក Jiang Nan បានលើកឡើងថា ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ហើយប្រទេសទាំងពីរបានបង្កើតមិត្តភាពដែកថែបដែលមិនអាចបំបែកបាន តាមរយៈការរួមសុខរួមទុក្ខជាមួយគ្នា និងការជួយគាំទ្រគ្នាទៅវិញទៅមក។ លោកអនុប្រធានបេសកកម្មបានបន្ថែមថា អំណោយអំពូលសូឡាទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បង្កើនសុវត្ថិភាពសហគមន៍ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់៕