Swift cc time

កម្ពុជា បើកមធ្យោបាយថ្មី ដឹកជញ្ជូន«អង្ករ»តាមនាវាដឹកទំនិញរាយ ទៅកាន់ទីផ្សារហ្វីលីពីន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ព្រះសីហនុ៖ កម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានសម្រចបើកមធ្យោបាយថ្មី ដឹកជញ្ជូនអង្ករតាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ ដើម្បីនាំចេញដោយផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន។ ការបើកសម្ពោធជាលើកដំបូងនេះ ជាមួយការដឹកជញ្ជូនអង្ករ ១០ ០០០ តោន ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយនេះ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។

បើតាមក្រសួងកសិកម្ម ពិធីនេះគឺជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។

បើតាមប្រភពដដែល ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។ នេះគឺជាការកើនឡើងដ៏ធំ បើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយដែលរួមចំណែកក្នុងការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០ ៣២១ តោនកាលពីឆ្នាំ ២០២៥។

សមិទ្ធផលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកដោយកម្ពុជាទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មីដើម្បីចូលរួមធានាសន្តិសុខស្បៀង៕

Khcct banner

អត្ថបទទាក់ទង