ភ្នំពេញ៖ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី៣១ធ្នូនេះ កម្ពុជាបានរកឃើញករណីកូវីដ-១៩ ចំនួន0៦ករណីទៀត ដែលជាករណីនាំចូលមកពីប្រទេសថៃ។ នេះបើតាមការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការថ្លែងសារជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
បន្ទាប់ពីមានការឆ្លងកូវីដជាបន្តបន្ទាប់ ដែលជាករណីនាំចូលមកពីប្រទេសថៃ រដ្ឋាភិបាលកម្ពុជា ពោលគឺ សម្តេច ហ៊ុន សែន បានបញ្ជាដល់កងទ័ពទាំងអស់ ត្រូវតែបញ្ចប់ជាបន្ទាន់ ក្នុងការដឹកជញ្ជូនពលរដ្ឋខ្មែរដែលចេញមកពីថៃ ហើយឲ្យពួកគេស្នាក់នៅតាមព្រំដែនជាបណ្ដោះអាសន្នសិន ការធ្វើដូច្នេះ គឺដើម្បីការពារការរីករាលដាលក្នុងសហគមន៍ជាថ្មីក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាដល់ច្រកព្រំដែនទាំងអស់ត្រូវតែមានការរឹតបន្តឹង ចំពោះការដឹកជញ្ជូនដល់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ការដាក់ចេញនេះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦ករណីបន្ថែមទៀតជាបន្តបន្ទាប់ ក្រោយពេលដែលមាន០២ករណីឆ្លងមកពីថៃរួចមក គិតត្រឹមម៉ោង៧ព្រឹកថ្ងៃនេះ៕