ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១១ មិថុនា បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ក្នុងប្រតិបត្តិការបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី ជនសង្ស័យលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ធ្វើសកម្មភាពឆបោកមិត្តភក្កិដែលក្នុងគ្រុបអស់ទឹកប្រាក់សរុបចំនួន ២៥៣,៩៩៩.៨៩ ដុល្លារអាម៉េរិក ព្រមទាំងពាក់ព័ន្ធករណីទិញ-លក់ គណនីធនាគារ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នពីបទ «ឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា»។
បើតាមសមត្ថកិច្ច តាមរយ:ការស្រាវជ្រាវ កម្លាំងជំនញបានរកឃើញថាជនសង្ស័យពាក់ពន្ធ័ការលក់គណនីធនាគារ ជាង២០គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ជនជាតិវៀតណាម១នាក់ (ប្រុស) និងជនជាតិខ្មែរ៥នាក់ (ស្រី២នាក់) ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ នាយកដ្ឋាន បានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស ពីបទ «ឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា៕