Img 1426
Swift cc time

សមត្ថកិច្ច រកឃើញឃ្លាំង១នៅខណ្ឌច្បារអំពៅ ស្តុកទុក និងចែកចាយ«គ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់»នាំចូលពីថៃជាង១៦០០កេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី ១៤ មិថុនា បានរកឃើញទីតាំងចំនួន១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និង សម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧ កេស នាំចូលពីបរទេស។ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ភាសាខ្មែរថា នៅថ្ងៃទី១៤ ខែមិថុនា រដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និង ចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

បើតាមលោកស្រី សម្ផស្ស តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន១ ស្ថិតនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និង សម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស។លោកថា ក្នុងនោះ ការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និង មានទំនិញចំនួន ២មុខ គឺ ទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស និង ទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្រោយការត្រួតពិនិត្យ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។លោកស្រី ថែមទាំងបានរម្លឹកពីបទបញ្ជាពី លោក ឃួង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ឱ្យរដ្ឋបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំងស្តុក​ទំនិញ​ ឬ​ផលិតផល​បង្កក​ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លូន​ ដែល​សង្ស័យ​អាចមាន​ប្រភព​នាំចូល​ពី​ប្រទេស​ថៃ​ឱ្យ​បាន​ម៉ត់ចត់​ និងបន្ត​បោសសម្អាត​ Online Scams ដោយ​មិនត្រូវ​រាថយ​ដាច់​ខាត៕


 


Khcct banner

អត្ថបទទាក់ទង