ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានបញ្ចុះថ្លៃដឹកចន្លោះពី ២៥%-៣០% មកត្រឹម ១០%-១៥% បន្ទាប់ពីតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោកកំពុងមានការប្រែប្រួលធ្លាក់ចុះជាងមុនបន្តិច ហើយការដឹកជញ្ជូននៅតែមានសកម្មភាពធម្មតា និងមិនមានភាពធ្លាក់ចុះណាមួយគួរឱ្យកត់សម្គាល់ឡើយ។ នេះជាការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជា ក្រុមប្រឹក្សាភិបាល នៃ សមាគម ភស្តុភាកម្មកម្ពុជា មកកាន់សារព័ត៌មាន ស៊ីស៊ីថាមស៍ភាសាខ្មែរ។
បើតាមឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានមានប្រសាសន៍ថា៖«ដូចដែលបានដឹងហើយថា កម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅជុំវិញពិភពលោក កំពុងជួបបញ្ហាប្រឈមជាមួយនឹងការឡើងថ្លៃ និងការប្រែប្រួលយ៉ាងខ្លាំងចំពោះតម្លៃប្រេងឥន្ធនៈ ចាប់តាំងពីមានសង្គ្រាមនៅមជ្ឈិមបូព៌ាមក សង្កេតឃើញថាតម្លៃប្រេងឥន្ធនៈនៅបន្តឡើងថ្លៃរហូត ហើយក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនក៏បានតម្លើងថ្លៃដឹក។ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ តម្លៃប្រេងបានធ្លាក់ចុះបន្តិច ដែលបានធ្វើឱ្យតម្លៃដឹកជញ្ជូនក៏ប្រែប្រួលចុះថ្លៃតាមនោះដែរ។»
អ្នកជំនាញវិស័យដឹកជញ្ជូនរូបនេះបន្ថែមថា ក្រុមហ៊ុនដឹកជញ្ជូនមិនអាចតម្លើងថ្លៃដឹករបស់ខ្លួនបានដោយឯកតោភាគីទេ ជារួមគឺប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈ បើប្រេងឡើងថ្លៃ តម្លៃដឹកក៏ថ្លៃ តែបើប្រេងចុះថ្លៃ តម្លៃដឹកក៏ធ្លាក់ទាបតាមនោះដែរ។ លោកបន្តថា បើទោះជាតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោកនៅពុំទាន់មានតម្លៃល្អដូចមុនសង្គ្រាមមជ្ឈិមបូព៌ាក៏ដោយ ក៏ការដឹកជញ្ជូននៅតែបន្តមានសកម្មភាព ដោយគ្រាន់តែមានភាពថមថយតិចតួចតែប៉ុណ្ណោះ និងមិនមានភាពធ្លាក់ចុះគួរឱ្យកត់សម្គាល់ខ្លាំងនោះទេ។
លោកបញ្ជាក់ដែរថា ការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាលើការនាំចេញ-នាំចូលទំនិញពីក្រៅប្រទេស ភាគច្រើនគឺប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករហូតដល់៨០% ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានតិចជាង ១០% និងក្រៅពីនេះគឺដឹកជញ្ជូនតាមផ្លូវគោក សម្រាប់ប្រទេសជិតខាង។
គួរបញ្ជាក់ថា ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៧០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៥ ០៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕