ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៣ មិថុនានេះ បានចេញសារជាថ្មីពាក់ព័ន្ធការលួចនាំចូលទំនិញខុសច្បាប់ចូលប្រទេសកម្ពុជា។សម្តេច បានអះអាងថា ពេលណាព្រំដែនគោកកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។
យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានថ្លែងថា ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។សម្រាប់មនុស្ស និង ទំនិញ ដែលឆ្លងកាត់ តាមផ្លូវទឹក និងផ្លូវអាកាស ពិសេសទំនិញ គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។
បើតាមសម្តេច ហ៊ុន សែន ថ្លែងថា "ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់«ព្រំដែនគោក»ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ និង សូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា"។
សម្តេច បន្តថា ប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ អ្នកប្រើប្រាស់ គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕