ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំពាក់ព័ន្ធONLINE SCAMS សរុបចំនួន ៣ទីតាំង គិតជាថវិកាសរុបបានចំនួន ៣២.០០០.០០០រៀល។ ការផាកពិន័យនេះ បន្ទាប់ពីសមត្ថកិច្ចបានបានចុះត្រួតពិនិត្យតាមទីតាំងក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយរកឃើញ៣ទីតាំងពាក់ព័ន្ធនឹង ONLINE SCAMS នៅថ្ងៃទី១១ មិថុនា។
នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៩ទីតាំង។ ជាលទ្ធផលកសមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២០នាក់ (ស្រី ១៧៨នាក់) ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន ៣នាក់។ ក្នុងចំណោម ៨៩ទីតាំងនេះ ក្នុងនោះសមត្ថកិច្ចបានពិនិត្យឃើញមានទីតាំងករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ០៣ករណី។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ទីតាំងទាំង៣នោះរួមមាន៖ ផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួន។ ផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិត ឆ្លងដែន ៣នាក់) ព្រមទាំងសម្ភារមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ អគារខុនដូ ដឺខាសហ្សល រ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី១១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ព្រមទាំងសម្ភារមួយចំនួន។
ជនសង្ស័យ និងសម្ភារត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់ខាងលើ ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ៨នាក់ គិតជាថវិកាសរុបបានចំនួន ៣២.០០០.០០០រៀល៕