ភ្នំពេញ៖ អាជ្ញាធរភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ រកឃេីញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» បាននាំយកសាច់បង្កក ឬផលិតផលមួយចំនួនពីប្រទេសថៃ ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំពោះ ម្ចាស់ទីតាំងដែលបាននាំចូលសាច់ពីប្រទេសថៃ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង ចុះពិនិត្យទីតាំងសង្ស័យនាំចូលសាច់បង្កក និងផលិតផលពីប្រទេសថៃ។
ជាលទ្ធផល កម្លាំងជំនាញរកឃេីញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម»បាននាំយកសាច់បង្កក ឬផលិតផលមួយចំនួនពីប្រទេសថៃ ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកម្ចាស់ទីតាំងខាងលេី ដែលបាននាំចូលសាច់ពីប្រទេសថៃ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ជុំវិញការនាំចូលផលិតផលទាំងនេះ កម្លាំងជំនាញនឹងបន្តស្វែងរកអ្នកពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។
គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោក លោកស្រី អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃឱ្យបានម៉ត់ចត់។ លោកសង្កត់ធ្ងន់ឱ្យរដ្ឋបាលខណ្ឌទាំងអស់ត្រូវអនុវត្តកិច្ចការទាំងអស់នេះ ព្រមៗគ្នាជាមួយនឹងការងារចុះប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវរាថយដាច់ខាត៕