Img 1426
Swift cc time

សិង្ហបុរី ផ្តល់អាហារូបករណ៍វគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤រូប ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មជ្ឈមណ្ឌល SEAMEO RELC នៃប្រទេសសិង្ហបុរី បានប្រកាសផ្តល់អាហារូបករណ៍វគ្គបណ្តុះបណ្តាលពិសេសសម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្ថែមដល់បុគ្គលិកអប់រំ ឬជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅរបស់រដ្ឋ ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ នៅក្នុងជំនាញរបស់ខ្លួន។

យោងតាមគេហទំព័រក្រសួងអប់រំ មជ្ឈមណ្ឌលស៊ឺមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស សរុបចំនួន ១៤ កន្លែង ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលលើជំនាញ និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស តាមរយៈការសិក្សាដោយផ្ទាល់នៅប្រទេសសិង្ហបុរី និងតាមបែបចម្រុះ។

បេក្ខជនដែលបំពេញតាមលក្ខខណ្ឌខាងលើ ត្រូវរៀបចំសំណុំឯកសារសំខាន់ៗមួយចំនួនដើម្បីបញ្ជូនទៅកាន់គណៈកម្មការ។ ឯកសារទាំងនោះរួមមាន ពាក្យស្នើសុំអាហារូបករណ៍ លិខិតបញ្ជាក់សុខភាព សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ លទ្ធផលតេស្តភាសាអង់គ្លេសនិងលិខិតឆ្លងដែនដែលមានសុពលភាព ព្រមទាំងលិខិតអនុញ្ញាតនិងបញ្ជាក់ការឯកភាពពីប្រធានអង្គភាពសាមីដែលអនុញ្ញាតឱ្យបេក្ខជនចូលរួម។ ក្រៅពីនេះ បេក្ខជនក៏ត្រូវត្រៀមឯកសារផ្សេងៗទៀតទៅតាមតម្រូវការជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនីមួយៗ។

បើតាមក្រសួងអប់រំ បន្ទាប់ពីការដាក់ពាក្យ ដំណើរការជ្រើសរើសនឹងត្រូវធ្វើឡើងយ៉ាងម៉ត់ចត់ជា ៣ ដំណាក់កាល។ នៅក្នុងដំណាក់កាលទី១ មន្ត្រីជំនាញនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នឹងធ្វើការពិនិត្យពាក្យសុំ និងឯកសារដើម្បីវាយតម្លៃ និងជម្រុះក្នុងជុំទី១ មុននឹងបញ្ជូនបញ្ជីឈ្មោះទៅកាន់មជ្ឈមណ្ឌល SEAMEO RELC នៅសិង្ហបុរី ដែលក្នុងនោះក៏អាចមានការរៀបចំតេស្តសមត្ថភាពផ្សេងៗតាមការចាំបាច់។ ឈានចូលដល់ដំណាក់កាលទី២ មន្ត្រីជំនាញរបស់មជ្ឈមណ្ឌល SEAMEO RELC ផ្ទាល់ នឹងបន្តពិនិត្យឯកសារបេក្ខជន និងរៀបចំការធ្វើតេស្តសមត្ថភាពបន្ថែម ដើម្បីជ្រើសរើសបេក្ខជនដែលសមស្របបំផុត។ ជាចុងក្រោយក្នុងដំណាក់កាលទី៣ មជ្ឈមណ្ឌល SEAMEO RELC នឹងធ្វើការទំនាក់ទំនង និងជូនដំណឹងអំពីលទ្ធផលផ្លូវការ ក៏ដូចជាព័ត៌មានចាំបាច់នានា ទៅកាន់បេក្ខជនជ័យលាភីដោយផ្ទាល់ តាមរយៈសារអេឡិចត្រូនិច (Email)។

បុគ្គលិកអប់រំដែលមានចំណាប់អារម្មណ៍ចង់អភិវឌ្ឍសមត្ថភាពខ្លួនឯង អាចចូលទៅកាន់តំណភ្ជាប់ផ្លូវការ https://bit.ly/relc-scholarship-2027 ដើម្បីទាញយកទម្រង់បែបបទព័ត៌មាន លក្ខខណ្ឌលម្អិត និងផ្ញើពាក្យស្នើសុំ។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងទៅកាន់មន្ត្រីជំនាញការិយាល័យកិច្ចការស៊ឺមេអូ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន តាមរយៈ៖អ៊ីម៉ែល៖ [email protected] ឬឆានែល Telegram (ក្រុមតេឡេក្រាម)៖https://t.me/SEAMEORELCScholarshipInfo៕


Khcct banner

អត្ថបទទាក់ទង