ភ្នំពេញ៖ ក្រសួងបរិស្ថាន រំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើ ដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយចំនួន ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦ និងបង្កើនគម្របបៃតង ជាប្រយោជន៍ដល់សហគមន៍។ ខណៈកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើចំនួនជាង១លានដើមរួចហើយ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍រំលឹក ឱ្យសាធារណជន មកទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង ជាប្រយោជន៍ដល់សហគមន៍។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានថ្លែងថា យុទ្ធនាការ «ពន្លកបៃតង» យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចែកជូនកូនឈើដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីយកទៅដាំក្នុង រដូវវស្សាឆ្នាំ២០២៦ គឺជាគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រីកគម្របព្រៃឈើ និងឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
គួរឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កូនឈើជាង ៣,៤ លានដើមត្រូវបានចែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដាំរួចរាល់។ នៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ស្នើសុំឱ្យសាធារណជន មកយកកូនឈើនៅតាមថ្នាលបណ្តុះកូនឈើទៅដាំពីមន្ទីរបរិស្ថាន និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានា ទៅដាំឱ្យទាន់រដូវវស្សា។ ឆ្នាំនេះក្រួងមានផែនការចែកចាយកូនឈើចំនួន ៥ លានដើម រួមមានប្រភេទឈើប្រណីត (បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោតចំនួន១,៥លានដើម ជូនដល់សាធារណជន យកដាំនៅតាមសាលារៀន វត្តអារាម និងសហគមន៍ ដើម្បីយកទៅដាំក្នុងរដូវវស្សាឆ្នាំ២០២៦នេះ៕