Img 1426
Swift cc time

កម្ពុជាឆ្លើយតបការចោទប្រកាន់អង្គការលើកលែងទោសអន្តរជាតិ៖ ការបង្រ្កាប Online Scams កម្ពុជា មិនធ្វើឡើងគ្រាន់តែជារូបភាពខាងក្រៅ ខណៈជាក់ស្តែងសមត្ថកិច្ចចុះបង្រ្កាបសរុបជាង៤០០ករណី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់អង្គការលើកលែងទោសអន្តរជាតិកាលពីថ្មីៗនេះថា កម្ពុជា បរាជ័យក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានលើកឡើងថា កម្ពុជាពិតជាយល់ឃើញថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យាមានការវិវត្តលឿន និងស្មុគស្មាញ រីឯរបាយការណ៍របស់អង្គការនេះក៏នៅមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ។ ប៉ុន្តែការចោទប្រកាន់ថា ការបង្ក្រាបគ្រាន់តែជារូបភាពខាងក្រៅ គឺមិនឆ្លុះបញ្ចាំងពីកិច្ចខិតខំ និងវិធានការជាក់ស្តែងដែលរាជរដ្ឋាភិបាលបានដាក់ចុះ ឱ្យអាជ្ញាធរអនុវត្តក្នុងយុទ្ធនាការបោសសម្អាតទូទាំងប្រទេសនោះទេ។

លោក ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៤០០ ករណី ដោយដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ២៥ ទីតាំង ព្រមទាំងបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤៣ ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨ នាក់ (ស្រី ២០១ នាក់ មាន ១៩ សញ្ជាតិ)។ ចំពោះការលើកឡើងអំពីការមើលរំលងទីតាំងខ្លះ គឺដោយសារទីតាំងខ្លះជាអគារពហុបំណង (ខុនដូ សណ្ឋាគារ អាជីវកម្មស្របច្បាប់) ដែលទាមទារការស៊ើបអង្កេតប្រមូលភស្តុតាងច្បាស់លាស់ មុននឹងឈានទៅដល់ការឆែកឆេរ ដើម្បីជៀសវាងការប៉ះពាល់ដល់សិទ្ធិអាជីវកម្មស្របច្បាប់ ស្របតាមច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្នាំ២០២៦។

បន្ថែមលើនេះ លោក ឆៃ ស៊ីណារិទ្ធ ថាការចោទប្រកាន់ថាមានការរំលោភសេចក្ដីថ្លៃថ្នូរ គឺផ្ទុយស្រឡះពីតថភាពជាក់ស្តែង ដែលសមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបញ្ជូនជនបរទេសពាក់ព័ន្ធនឹងការឆបោកអនឡាញឱ្យទៅប្រទេសដើមវិញសរុបចំនួន ១៨ ៨៦៤ នាក់ (ស្រី ២ ២៦៣ នាក់ មាន ៣៣ សញ្ជាតិ) គិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ នេះគឺជាយុទ្ធនាការមនុស្សធម៌ និងការសង្គ្រោះមនុស្សតាមរយៈការរំដោះឱ្យរួចផុតពីការបង្ខំឱ្យធ្វើការខុសច្បាប់ ការផ្តល់ជម្រក សុខភាព និងការរ៉ាប់រងបន្ទុកថវិកាជាតិយ៉ាងធ្ងន់ដើម្បីធ្វើមាតុភូមិនិវត្តន៍ពួកគេ ខណៈដែលការឃាត់ខ្លួនបណ្តោះអាសន្ននៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ គឺធ្វើឡើងស្របតាមច្បាប់អន្តោប្រវេសន៍ចំពោះអ្នកចូលស្រុកខុសច្បាប់ ហើយភាពយឺតយ៉ាវជារឿយៗកើតឡើងដោយសារចាំបាច់ត្រូវមានកិច្ចសហការសកម្មពីស្ថានទូតសាមីផងដែរ។

លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថាទោះជាយ៉ាងណា កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ «វះកាត់សាច់ស្អុយ» មិនបដិសេធលទ្ធភាពដែលអាចមានមន្ត្រីអសកម្មបុគ្គលនៅថ្នាក់មូលដ្ឋានឡើយ ដោយគណៈកម្មការប្រឆាំងការឆបោកតាមបច្ចេកវិទ្យានឹងឱ្យមានការចុះស៊ើបអង្កេតបន្ទាន់លើករណីអះអាងនៅទីតាំង PV01 ខេត្តព្រៃវែង ឬនៅទីតាំងផ្សេងទៀត ហើយនឹងឈានទៅអនុវត្តវិធានការ ម៉ឺងម៉ាត់ ដោយបញ្ចប់មុខងារ បណ្តេញចេញពីក្របខណ្ឌ និងវាធានការច្បាប់ បើរាយការណ៍នោះរកឃើញការពិត។

លើសពីនេះទៅទៀតលោក ឆៃ ស៊ីណារិទ្ធកម្ពុជាបាននិងកំពុងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតស៊ីជម្រៅជាមួយសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ កាត់ផ្តាច់ និងកម្ទេចឫសគល់នៃបណ្តាញអង្គការចាត់តាំងឆ្លងដែនទាំងនេះ។​ រាជរដ្ឋាភិបាលយល់ច្បាស់ថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាសកលមិនអាចដោះស្រាយបានដោយឯកតោភាគីនោះឡើយ ព្រោះប្រព័ន្ធប្រតិបត្តិការស្នូល បច្ចេកវិទ្យាបញ្ជា និងជាពិសេសគឺខ្សែសង្វាក់ហិរញ្ញវត្ថុ លំហូរលុយកខ្វក់ រួមទាំងមេខ្លោងបញ្ជាពិតប្រាកដ គឺកំពុងស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង