ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី២៥០ សហរដ្ឋអាម៉េរិក នៅថ្ងៃទី១០ ខែមិថុនានេះ បានប្រកាសផ្ដល់ថវិកាបន្ថែមចំនួន ២៥០,០០០ដុល្លារ ក្រោមគម្រោងពិសេស«សេរីភាព ២៥០»(Freedom 250) នៃមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP)។ ជំនួយនេះ នឹងបន្តជួយដល់ការអភិរក្ស និងការជួសជុល ប្រាសាទភ្នំបាខែង។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ អ្នកជំនាញបច្ចេកទេសអាម៉េរិក បានជួយការពាររតនសម្បត្តិ ដែលមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ព្រមទាំងបានបំពាក់បំប៉នអ្នកជំនាញក្នុងស្រុកនូវឧបករណ៍ និងចំណេះដឹងចាំបាច់នានា ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សទៅថ្ងៃអនាគត។ សសរស្តម្ភដ៏សំខាន់មួយនៃការគាំទ្រនេះ គឺកម្មវិធីបណ្តុះបណ្តាលផ្តល់វិញ្ញាបនបត្រសម្រាប់បុគ្គលិក បច្ចេកទេស និងអ្នកជំនាញអភិរក្សនៅតំបន់អង្គរ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតអាម៉េរិកប្រចាំភ្នំពេញ តាមរយៈពីមូលនិធិ AFCP ក្នុងឆ្នាំ ២០២៣ ដោយមានការ សហការរៀបចំឡើងរវាងអង្គការមូលនិធិប្រាសាទពិភពលោក (WMF) និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើស្តង់ដារសមត្ថភាពបច្ចេកទេស និងការគ្រប់គ្រងនៅរមណីយដ្ឋានបុរាណវិទ្យាអង្គរក្លាយជាលក្ខណៈវិជ្ជាជីវៈ។
នាពេលបច្ចុប្បន្ននេះ រាល់ការងារអភិរក្សនៅប្រាសាទភ្នំបាខែង គឺត្រូវបានអនុវត្តដោយកម្លាំងពលកម្មក្នុងស្រុក ដែលទទួលបានការបណ្តុះបណ្តាល និងមានវិញ្ញាបនបត្រត្រឹមត្រូវបម្រើការងារ នៅអង្គការ WMF ដែលនេះជាការលើកកម្ពស់ការងារជំនាញ និងការផ្ទេរចំណេះដឹងរយៈពេលវែង នៅក្នុងវិស័យបេតិកភណ្ឌរបស់កម្ពុជា។ ស្របពេលសហរដ្ឋអាម៉េរិកប្រារព្ធខួប ២៥០ ឆ្នាំនៃទិវាឯករាជ្យជាតិ ហើយមូលនិធិ AFCP ប្រារព្ធខួបលើកទី ២៥ របស់ខ្លួននៅទូទាំងពិភពលោក សមិទ្ធផលទាំងនេះគឺជាការឆ្លុះបញ្ចាំង ប្រកបដោយមោទនភាពនៃឧត្តមភាពរបស់អាម៉េរិក និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិរក្សនូវរតន សម្បត្តិវប្បធម៌ដ៏អស្ចារ្យបំផុតមួយរបស់មនុស្សជាតិ៕