Img 1426
Swift cc time

ប្រព័ន្ធគ្រប់គ្រង«ព្រំដែនកម្ពុជា និងសន្តិសុខជាតិ»ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៩ មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៩ មិថុនា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថល។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ លោកចាត់ទុកជាសមិទ្ធផលដ៏សំខាន់ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២៤។

លោក ស សុខា បានគូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ម្យ៉ាងទៀត ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ លោកណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់។

គួរបញ្ជាក់ថា ការបន្តស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទាន់ទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងពិភពលោក និងការសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ប្រទេសជាមិត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និងព័ត៌មាន សំដៅរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងធានាសន្តិសុខ សុវត្ថិភាពព្រំដែនជាតិ៕


Khcct banner

អត្ថបទទាក់ទង