សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ប្រាប់លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការជាមួយបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចនាយករដ្ឌមន្រ្តីបានសង្កត់ធ្ងន់ថា វិធានការនេះនឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា។ លោកអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងពេលដែលសម្តេច ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ។ លោកអនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
មុននឹងបញ្ចប់ សម្ដេច ហ៊ុន ម៉ាណែត បានជម្រាបលោកអនុរដ្ឋមន្ត្រី អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ៕